មន្ទីរពិសោធន៍រូបគីមីសាស្ត្រ ជាផ្នែកមួយនៃមជ្ឈមណ្ឌលជាតិពិសោធន៏សុខាភិបាល ដែលមានសកម្មភាពទូទៅក្នុងការវិភាគរកគុណភាពផលិតផលឱសថសម័យ, ឱសថបុរាណ, អាហារបំប៉ន, ទឹកសម្លាប់មេរោគ និង ផលិតផលសុខាភិបាលផ្សេងៗទៀត។
មន្ទីរពិសោធន៍នេះត្រូវបានរចនាឡើងស្របតាមក្បួនខ្នាតនៃការអនុវត្តល្អមន្ទីរពិសោធន៍ និងបានបំពាក់នូវម៉ាស៊ីនវិភាគទំនើបៗ បូករួមទាំងបច្ចេកវិទ្យាថ្មីៗដោយគោរពតាមលក្ខខណ្ឌអន្តរជាតិក្រោមកិច្ចសហប្រតិបត្តិការរបស់គំរោង HSSP2 (Health Sector Support Project) នៃក្រសួងសុខាភិបាល។
មន្ទីរពិសោធន៍មានទីតាំងស្ថិតនៅជាន់ទី ៣ នៃមជ្ឈមណ្ឌលជាតិពិសោធន៏សុខាភិបាលដែលមានបន្ទប់ពិសោធន៍ជាច្រើនដូចជាបន្ទប់វិភាគ បន្ទប់ថ្លឹងវត្ថុសំណាក បន្ទប់ទុកដាក់ Reference Standard បន្ទប់ម៉ាស៊ីន HPLC, GC និង បន្ទប់ពិសោធន៍ដ៏ទៃជាច្រើនទៀត។
ដើម្បីធានានូវសុវត្ថិភាពនិងសុខភាពរបស់បុគ្គលិកវិភាគដែលធ្វើការប្រចាំថ្ងៃ មន្ទីរពិសោធន៍បំពាក់នូវប្រព័ន្ធអគ្គីភ័យ និងប្រព័ន្ធ HVAC។ លើសពីនេះទៅទៀតមន្ទីរពិសោធន៍បានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបអេឡិចត្រូនិច Laboratory Management System (LIMS) ដោយសហការណ៍ជាមួយអង្គការ Global Fund ដើម្បីធានានូវសុវត្ថិភាព និង
ការសំងាត់នៃលទ្ធផលវិភាគរបស់វត្ថុសំណាកនិមួយៗ ដែលបានយកមកត្រួតពិនិត្យគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៏សុខាភិបាល។