Posted on 2023-03-10
ថ្ងៃសុក្រ ទី ១០ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានរៀបចំសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រ សម្រាប់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៅឯសណ្ឋាគារភ្នំពេញ។ ដែលមានការអញ្ជើញចូលរួមពី តំណាង អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល, អង្គការសុខភាពពិភពលោក, អង្គការUSP-DFAT, គណៈឱសថការីកម្ពុជា, សមាគមឱសថការីកម្ពុជា, នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង, នាយកដ្ឋានមន្ទីរពេទ្យ, មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ, ឃ្លាំងឱសថកណ្តាល, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងមជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន។
សិក្ខាសាលានេះមានគោលបំណងកសាងឯកសារផែនការអភិវឌ្ឍមួយប្រកបដោយប្រសិទ្ធិភាព អាចអនុវត្តបាន សម្រាប់៥ឆ្នាំទៅមុខ ឬលើសនេះ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងលើវិស័យធានាគុណភាពផលិតផលឱសថ និងផលិតផលសុខាភិបាលផ្សេងៗទៀត ដោយយោងតាមអនុក្រឹត្យលេខ២៣៣ អនក្រ/បកឆ្នាំ២០១៩ ដែលប្រែក្លាយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល/NHQC ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីភ្ជាប់គ្នាកាន់តែស៊ីជំរៅ ជាមួយផែនការយុទ្ធសាស្រ្តក្រសួងសុខាភិបាល គោលនយោបាលឱសថជាតិ វិជ្ជាជីិវៈឱសថសាស្ត្រ និងក្រោមការឧបត្ថម្ភបច្ចេកទេសទាំងថវិកា និងបច្ចេកទេសពីអង្គការ USP-DFAT។ ហើយសិក្ខាសាលាក៏មានគោលបំណងទទួលយកធាតុចូលផ្សេងៗពិឯកឧត្តម លោក លោកស្រី ដែលមាន បទពិសោធន៍ទាក់ទងនិងការងារគ្រប់គ្រង ការប្រើប្រាស់ឱសថ ដើម្បីកសាងផែនការយុទ្ធសាស្ត្រមួយសម្រាប់ជាត្រីវិស័យដល់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលឲ្យបន្តដំណើរការ ប្រកបដោយស្នូលតម្លៃ (Core Value) នូវគុណភាព (Quality) សុច្ចរិកភាព (Integrity) ភាពច្នៃប្រឌិត (Innovation) កិច្ចសហប្រតិបត្តិការ (Collaboration) និងភាពជាអ្នកដឹកនាំ (Leadership) ក្នុងការវិភាគគុណភាពឱសថ។
ស្ថិតក្នុងចរន្តសកលភាវូបន័យកម្ម ការធ្វើសមាហរណ៍កម្មអាស៊ាន និងក្នុងពិភពលោកវិស័យមន្ទីរពិសោធន៍ត្រួតពិិនិត្យគុណភាពឱសថ និងផលិតផលសុខាភិបាលផ្សេងទៀត ត្រូវបានតម្រូវឲ្យយើងខិតខំប្រឹងប្រែងអនុលោមតាមស្តង់ដាអន្តរជាតិ ដូចជា WHO Prequalification និង ISO/IEC17025។
ជាទិសដៅមន្ទីរពិសោធន៍ NHQC នឹងរៀបចំផែនការខ្លួនជាដំណាក់កាល ដោយយោងតាមធនធានមនុស្ស ថវិកា និងព្យាយាមតម្រៀបជាអថិភាពដើម្បីអនុវត្តរយៈ ៥ឆ្នាំ ឬលឿនជាងនេះប្រសិនបើមានបន្ថែមលើប្រភពធនធាន បច្ចេកទេស សម្ភារៈគ្រប់គ្រាន់តាមការតម្រូវរបស់ស្តង់ដារនិមួយៗ។ ឧទាហរណ៍៖ ក្នុងឆ្នាំ២០២៣ នេះយើងត្រៀមខ្លួនសម្រាប់ WHO Prequalification និងISO/IEC17025 ចំពោះតែមន្ទីរពិសោធន៍រូបគីមីសាស្ត្រ និងកំណត់ Scop ធំៗដែលជាតម្រូវការនិងធនធានដែលយើងអាចធ្វើបានតែប៉ុណ្ណោះ ឯនៅសល់យើងនឹងបន្ត ឬពង្រីក Scop បន្ថែមនៅពេលក្រោយទៀត៕