សិក្ខាសាលាស្តីពីការពន្លឿនវឌ្ឍនភាពនៃការពង្រីកវិសាលភាពឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ ISO 17025 របស់មន្ទីរពិសោធន៍រូប-គីមីសាស្ត្រ និងមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ នៃមជ្ឈមណ្ឌលជាតិពិសោធន៍ សុខាភិបាល

សៀមរាប៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរប៉ារាឌី ដោយមានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកអង្គសិក្ខាសាលាស្តីពី “ការពន្លឿនវឌ្ឍនភាពនៃការពង្រីកវិសាលភាពឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ ISO 17025 របស់មន្ទីរពិសោធន៍រូប-គីមីសាស្ត្រ និងមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល” ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខា ភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ហ៊ីម សុក្រី ប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកបច្ចេកទេសនៃ MoH-Lit និងលោកឱសថការី ទេព កីឡា ជានាយកមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សរុបអ្នកចូលរួមចំនួន ៧៤នាក់។
គោលបំណងនៃសិក្ខាសាលាគឺជំរុញអនុលោមភាពតាមស្តង់ដារអន្តរជាតិ ISO 17025​ នូវចំណុចដូចខាងក្រោម៖
១. ពង្រីកវិសាលភាពប៉ារ៉ាម៉ែត្រតេស្តផ្នែកមន្ទីរពិសោធន៍រូប-គីមីសាស្ត្រ
២. ពង្រឹងសមត្ថភាពតេស្តប៉ារ៉ាមែត្រផ្នែកមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ
៣. វាយតម្លៃវឌ្ឈនភាពទទួលបានពីការអនុវត្តន៍គម្រោងឆ្នាំ២០២៤
៤. ទិសដៅសកម្មភាពការងារអនុវត្តន៍គម្រោងឆ្នាំ២០២៥
ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង បានផ្តល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលារបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល លើការអនុវត្តគម្រោង KHM-C-MEF/1999 C19RM ក្រោមការទទួលសេវាបច្ចេកទេសពី USP (US Pharmacopeia) ឲ្យមានប្រសិទ្ឋិភាព បុរេសកម្ម និងស្វាហាប់ទាន់ ពេលវេលា ដែលបានកំណត់ ដោយជោគជ័យ ក្នុងការទទួលស្គាល់លើការធ្វើតេស្តរបស់មន្ទីរពិសោធន៍មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មានអនុលោមភាពជាមួយស្តង់ដារអន្តជាតិ ISO 17025 និង WHO-Prequalification ដែលបានគ្រោងទុក៕